គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ឱសថក្លែងក្លាយនៅកម្ពុជា : ឱសថស្ថានអនឡាញស្ថិតនៅក្រោមការឃ្លាំមើលរបស់អាជ្ញាធរ

កាលបរិច្ឆេទ: ១០ មករា ២០២៤ / Author : Veng Thavong

ក្នុងអំឡុងខែធ្នូកន្លងទៅនេះ អាជ្ញាធរបានចុះប្រតិបត្តិការឆែកឆេរនៅតាមឱសថស្ថានអនឡាញនៅខេត្តកំពង់ចាម និងបានរកឃើញឱសថក្លែងក្លាយចំនួន៦មុខដែលបានដាក់លក់នៅលើទីផ្សារ។ ចំណែកឯឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម៨មុខផ្សេងទៀតដែលត្រូវបានគេផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកត្រូវបានហាមឃាត់មិនឲ្យលក់។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រសួងសុខាភិបាលបានរម្លឹកថា មានតែឱសថដែលទទួលបានការអនុញ្ញាតពីក្រសួងប៉ុណ្ណោះដែលអាចដាក់លក់នៅលើទីផ្សារបាន។ ក្រសួងក៏បានអំពាវនាវផងដែរទៅដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធសង្គមងាយៗពេក។

ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលធ្វើពាណិជ្ជកម្ម និងចែកចាយផលិតផលដែលគ្មានការអនុញ្ញាតពីក្រសួង និងអះអាងថា ក្រសួងនឹងបន្តស៊ើបអង្កេតលើការចែកចាយផលិតផលខុសច្បាស់នេះ។

អត្ថបទមួយចុះផ្សាយដោយ GlobalData Healthcare កាលពីថ្ងៃទី១២ ធ្នូ បានឲ្យដឹងថា ឱសថក្លែងក្លាយកំពុងតែវាយលុកយ៉ាងខ្លាំងលើទីផ្សារដែលទើបតែបង្កើតថ្មីៗ។

គួរឲ្យកត់សម្គាល់ផងដែរថា ទាំងថ្នាំហ្សេណេរិក ទាំងថ្នាំទើបតែរកឃើញថ្មីគឺសុទ្ធតែត្រូវបានគេក្លែងបន្លំ មិនថាជាថ្នាំដែលមានតម្លៃថ្លៃសម្រាប់ព្យាបាលជំងឺមហារីក ឬក៏ថ្នាំថោកៗដូចជាថ្នាំបំបាត់ការឈឺចាប់នោះទេ។ អ្នកនិពន្ធអត្ថបទនេះសម្អាងទៅលើការសិក្សាមួយចុះផ្សាយនៅក្នុងទស្សនាវដ្តី Forensic Science International ដែលមានចំណងជើងថា «និន្នាការនៃឱសថ និងផលិតផលឱសថក្លែងក្លាយសម័យមុនកូវីដ និងអំឡុងពេលមានកូវីដ១៩ (២០២២)»។ ការសិក្សាមួយនេះបានបង្ហាញថា ថ្នាំផ្សះ ថ្នាំបំបាត់ការឈឺចាប់ និង «ផលិតផលឱសថថ្លៃៗ ដូចជា អរម៉ូន ស្តេរ៉ូអីត ថ្នាំសម្រាប់អ្នកដែលបាត់បង់ចំណង់អាហារ ថ្នាំសម្រាប់អ្នកដែលមានលិង្គលែងដំណើរការ និងថ្នាំសរសៃប្រសាទ» សុទ្ធសឹងជាថ្នាំដែលអ្នកផលិតថ្នាំក្លែងក្លាយចាប់អារម្មណ៍ខ្លាំងជាងគេ។ ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ ថ្នាំដែលត្រូវបានគេក្លែងបន្លំខ្លាំងជាងគេគឺប្រភេទថ្នាំសម្លាប់វីរុស ថ្នាំគ្រុនចាញ់ក្លរ៉ូគីន និងថ្នាំវីមីនសេ។

មិនមាននិយមន័យណាមួយដែលគេអាចទទួលយកបានជាលក្ខណៈសកលនោះទេ ទាក់ទិននឹងឱសថក្លែងក្លាយ។ ប៉ុន្តែសម្រាប់អង្គការសុខភាពពិភពលោក ឱសថក្លែងក្លាយគឺសំដៅលើឱសថទាំងឡាយណាដែលយកឈ្មោះយីហោរបស់ឱសថពិតប្រាកមកប្រើដើម្បីបន្លំអ្នកប្រើប្រាស់។ ថ្នាំក្លែងក្លាយមួយចំនួនមានសារជាតិបារត ជាតិពុលអាសេនិច ថ្នាំកណ្តុរ ឬជាតិស៊ីម៉ង់ត៍។

បើតាម GlobalData Healthcare មានគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រើប្រាស់ឱសថនៅលើពិភពលោកចំនួន ៦៦១៥ ករណីនៅឆ្នាំ២០២២ គឺកើនឡើង១០% បើធៀបទៅនឹងឆ្នាំ២០២១។ ក្នុងចំណោមតំបន់ទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងការកើនឡើងនៃគ្រោះថ្នាក់នេះនៅឆ្នាំ២០២២ មាន១៧៣៨ ករណីកើតឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ៩៣៤ករណីកើតឡើងនៅតំបន់អាមេរិកឡាទីន និង ១៨៥ ករណីកើតឡើងនៅអាហ្វ្រិក។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានករណីចាប់ខ្លួនជនក្លែងបន្លំឱសថច្រើនជាងគេ (៤១៧២នាក់)​ និងករណីបង្វែរទិសដៅចែកចាយថ្នាំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬករណីលួចថ្នាំនៅឆ្នាំ២០២២ ពោលគឺកើនឡើង ៤២% បើធៀបទៅនឹងឆ្នាំ២០២១។

ចំណែកឯអង្គការសុខភាពពិភពលោកបានវាយតម្លៃថា ចំនួនថ្នាំក្លែងក្លាយ ឬថ្នាំដែលមានគុណភាពអន់នៅលើទីផ្សារមានអត្រាប្រមាណជាង១០% នៃការលក់សរុបទាំងអស់នៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសដែលមានប្រាក់ចំណូលមធ្យម និង១% នៃប្រទេសអភិវឌ្ឍ៕